ក្រុមណាហ្គាវើល បានបង្កើតនូវមហិច្ឆតាថ្មីមួយទៀត គឺការចង់យកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) សម្រាប់ការវិលមកជួបគ្នា ក្នុងជើងទី២ លីកកំពូលកម្ពុជា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ ថ្ងៃពុធ ពេលក្រុមតំណាងឲ្យកម្ពុជាមួយនេះ ធ្វើដំណើរចេញទៅប្រកួតពានរង្វាន់ RHB Singapore Cup 2017 នៅសិង្ហបុរី នាថ្ងៃទី២៩ ខែឧសភា។
បានប្រាប់កាលពីម្សិលមិញថា៖«យើងនៅតែមានក្តីរំពឹង ប៉ុន្តែខ្ញុំឃើញខាងប៉ូលិស មានការដោះដូរ ដោយបាននាំយកកីឡាករបរទេសមកថ្មី២នាក់ អ៊ីចឹងយើងមិនទាន់ដឹងថា ខាងគាត់យ៉ាងម៉េចដែរទេ គឺលុះត្រាចាប់៩០នាទី ទើបដឹងច្បាស់»។
ក្រុមណាហ្គាវើល ធ្លាប់បានយកឈ្នះក្រុមប៉ូលិស ២-១ ម្តងហើយ ក្នុងការប្រកួតជើងទី១ កាលពីថ្ងៃទី២៣ ខែមេសា នៅកីឡដ្ឋានស្តាតចាស់ ប៉ុន្តែ លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវើល បាននិយាយថា រាល់ការយកឈ្នះលើក្រុមប៉ូលិស វាតែងតែមានភាពតានតឹងរហូត។
លោក មាស ចាន់ណា បាននិយាយថា៖ «រាល់ការជួបក្រុមប៉ូលិស វាតែងតែមានភាពតានតឹងរហូត គឺយើងមិនដែលឈ្នះប៉ូលិស ដាច់ទេ ព្រោះប៉ូលិស ជាក្រុមមួយដែលយើងពិបាកនឹងទាត់ចូល ព្រោះក្រុមនេះការពារបានល្អជាក្រុមតែម្តង»។
យ៉ាងណាក៏ដោយ លោក មាស ចាន់ណា បានបញ្ជាក់ថា៖ «យើងពិតជាចង់ឈ្នះក្រុមប៉ូលិស លើកនេះខ្លាំងណាស់ ព្រោះវាជាស្ពានមួយនាំ សម្រាប់ការទៅចូលរួមការប្រកួតពាន RHB Singapore Cup របស់យើង ហើយម្យ៉ាងទៀត បើយើងឈ្នះ យើងនឹងបានឡើងទៅឈរនៅលេខ១ ជាបណ្តោះអាសន្ន»។
តាមរយៈការប្រកួតជើងទី១កន្លងមក ក្រុមណាហ្គាវើល បានឈរនៅលេខរៀងទី៣ ដោយមាន២១ពិន្ទុស្មើក្រុមក្រសួងការពារជាតិ ដែលឈរនៅលេខរៀងទី២ ប៉ុន្តែតិចជាងក្រុមឈរនៅកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលមាន២៤ពិន្ទុ។ ចំណែកក្រុមប៉ូលិស ឈរនៅចំណាត់ថ្នាក់លេខ៧ ដោយមាន១៥ពិន្ទុ។
បន្ទាប់ពីការប្រកួតជាមួយក្រុមប៉ូលិសនេះទៅ ក្រុមណាហ្គាវើល នឹងត្រូវធ្វើដំណើរទៅចូលរួមការប្រកួត RHB Singapore Cup នៅប្រទេសសិង្ហបុរី នាថ្ងៃទី២៩ ខែឧសភា ដោយពួកគេត្រូវប្រកួតជម្រុះជាបឋមជាមួយក្រុម Balestier Khalsa របស់សិង្ហបុរី នៅថ្ងៃទី៣១ ខែឧសភា៕
No comments:
Post a Comment