(ភ្នំពេញ៖) ខណៈនេះ កំពូលអ្នកប្រដាល់ជើងខ្លាំងពីររូបគឺ សូត្រ ប៊ុនធី និង យ៉េន ឌីណា កំពុងតែខិតខំហ្វឹកហាត់បង្កើតនូវការជឿជាក់រៀងៗខ្លួន សម្រាប់ការប្រឈមមុខដាក់គ្នា នៅក្នុងការប្រកួតដណ្តើមប្រាក់លាន ហ្គេនស៍បឺគ ថប់ហ្វាយធ័រ នៅលើសង្វៀនអាស៊ីអាគ្នេយ៍នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។
ទឹកប្រាក់សុទ្ធ ១០០០ដុល្លារ ត្រូវបានតម្កល់ទុកជាស្រេច សម្រាប់ជំនួបរវាងកីឡាករប្រដាល់ជើងខ្លាំងទាំងពីរ។ កីឡាករ សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកដែលគេស្គាល់ថា ជាកំពូលអ្នកប្រដាល់លេងកម្ពស់ ឈ្មោះកំពុងល្បី កណ្តាប់ដៃពិឃាត ឆ្លៀតជង្គង់ កែងផ្តាច់ព្រលឹង ពេលនេះកំពុងខិតខំហ្វឹកហាត់ និងត្រៀមប្រកួតបានយ៉ាងល្អ។ មិនខុសគ្នានេះ កំពូលអ្នកប្រដាល់វ័យក្មេង មុខស្រស់ សាច់ស ល្អជង្គង់ ទ្រង់កណ្តាប់ដៃ ប្រល័យជើង យ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរ ក៏កំពុងបង្កើនសមត្ថភាពរបស់ខ្លួនយ៉ាងដិតដល់ ជាមួយគ្រូបង្វឹកល្បីៗមិនចាញ់គូប្រកួតរបស់ខ្លួនឡើយ។
តំណាងអ្នកគ្រប់គ្រងកម្មវិធីផ្សព្វផ្សាយនៃក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានប្រាប់ឱ្យដឹងថា៖ «កម្មវិធីប្រកួតដណ្តើមប្រាក់លាន ដែលមានទឹកប្រាក់សរុប ៤ លានរៀល ឬ ១០០០ ដុល្លារ នេះ ធ្វើឡើងដើម្បីផ្តល់ឱកាសឱ្យកីឡាករកម្ពុជា មានសមត្ថភាពកាន់តែខ្ពស់ និងពង្រឹងគុណភាពប្រកួតឱ្យកាន់តែខ្លាំង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងសំឡេងហ៊ោកញ្ជ្រៀវពីទស្សនិកជន ឱ្យកក្រើកញ័ររញ្ជួយពេញសង្វៀនហ្គេនស៍បឺគ ថប់ហ្វាយធ័រ នេះតែម្តង»។
បន្ថែមលើនេះ លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បាននិយាយថា៖ «កម្មវិធីនេះ បានលើកស្ទួយជីវភាពកីឡាករបានយ៉ាងប្រសើរ ព្រោះអ្នកឈ្នះនឹងទទួលបានប្រាក់ភ្លាមៗចំនួន ១០០០ ដុល្លារ ហើយអ្នកចាញ់ទទួលបាន ៣០០ ដុល្លារ»។ លោកបានសង្កត់ធ្ងន់ទៀតថា៖ «អ្នកដែលខ្លាំង អ្នកដែលខិតខំហ្វឹកហាត់ នឹងក្លាយជាម្ចាស់ប្រាក់លាននេះយ៉ាងប្រាកដ!»។
ការប្រកួតរបស់កីឡាករទាំងពីរនេះ ត្រូវបានគេមើលឃើញថា កន្ត្រាក់អារម្មណ៍អ្នកទស្សនាឱ្យចង់តាមដានយ៉ាងខ្លាំង ដោយសារតែពួកគេសុទ្ធសឹងតែល្បីឈ្មោះ និងមានស្នាដៃស៊ីលើគូប្រកួតរាប់មិនអស់នៅលើសង្វៀន។ ម្យ៉ាងគេកម្រឃើញកីឡាករទាំងពីរ បានឡើងរេញប៉ះគ្នាបែបនេះផង ទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើន ផ្ដោតការចាប់អារម្មណ៍ខ្លាំងជាពិសេស។ គេរំពឹងយ៉ាងមុតមាំថា ការប្រកួតគូសំខាន់មួយនេះ នឹងធ្វើឱ្យសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កក្រើករញ្ជួយ និងរង្គោះរង្គើមិនចាញ់ពេលណាៗទាំងអស់៕
No comments:
Post a Comment